សន្និបាត ប.ព.គ.ក

Reports

នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ បណ្ដាញ​ពាណិជ្ជ​កម្ម​គ្រីស្ទ​បរិស័ទ​កម្ពុជា បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ។ ហើយ​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​ជា​ឆ្នាំដ៏​សំខាន់​មួយ ព្រោះ​បណ្ដាញ​របស់​ពួក​គេ​បាន​រីក​ចម្រើន​ឡើង​ទាំង​ទំហំ និង​ភាព​ចាស់​ទុំ។ នៅ​ថ្ងៃ ទី២៧ ខែ​កក្កដា ឆ្នាំ២០១៩ ប.ព.គ.ក បាន​ប្រារព្ធពធី​ខួប​កំណើត​លើក​ទីមួយ​របស់​ខ្លួនដោយ​ធ្វើ​កម្ម​វិធី​សន្និបាត​មួយ​ ដែល​មានការ​ចូល​រួម​ពី​សំណាក់​​វាគ្មិន និង​សមាជិក​ក្រុម​ជា​ច្រើននាក់ ហើយ​កម្ម​វិធី​នេះ​បាន​​បញ្ចប់​ទៅ​ដោយ​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​រួម​គ្នា។

នេះ​ជា​ព្រះ​ពរ​សម្រាប់ ប.ព.គ.ក ដែល​មាន​ភ្ញៀវ​អញ្ជើញ​មកពី​តំបន់​ផ្សេងៗ​នៃ​​ប្រទេស​កម្ពុជា ចូល​រួម​ក្នុ​ង​កម្ម​វិធី​សន្និបាតនេះ ដូចជា​ភ្ញៀវ​មក​ពីខេត្ត​សៀម​រាប និង​ខេត្ត​ព្រះសីហនុ​ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​ថែម​ទាំង​បាន​ទទួ​ល​ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​គណៈ​ប្រតិភូ​ចំនួន​២៦​រូប​ ដែល​អញ្ជើញ​មក​ពី​ប្រទេស​វៀត​ណាម​ ដែល​​ជា​ប្រទេស​ជិត​ខាងទៀត​ផង​ ដើម្បី​​ឲ្យ​ពួក​គេ​អាច​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត ប្រយោជន៍នឹង​ធ្វើ​ជា​ទូត​របស់​ព្រះ​គ្រីស្ទ​នៅ​កន្លែង​ដែល​ពួក​គេ​ធ្វើ​ការ។

នៅ​ពេល​ចាប់​ផ្ដើម ពួក​គេ​បានងាក​​ត្រលប់​ទៅ​មើល​ DNA របស់​បណ្ដាញ ដែល​បាន​កសាង​ឡើង​នៅ​ក្នុង​និមិត្ត ៣G របស់​លោក​គ្រូគង្វាល ហេង ចេង។ និមិត្ត ៣G គឺ​ជា​យុទ្ធ​សាស្ដ្រ​មួយ​ក្នុង​ការ​កសាង​សហគមន៍​គ្រីស្ទ​បរិស័ទជាមួយ​នឹង​​អ្នក​ដឹក​នាំ​ជំនាន់​ថ្មី​មួយក្រុម​ តាម​បែប «បន្ទាត់​ផ្ដេក» ពោល​គឺ​​​នៅ​ក្នុង​ចំណោម​ក្រុម​ជំនុំ សហគមន៍​​អង្គការ​គ្រីស្ទ​បរិស័ទ និង​សហគមន៍​ពាណិជ្ជ​កម្ម​គ្រីស្ទ​បរិស័ទ ប៉ុន្តែ​ក៏​កសាង​ឡើង​តាម​បែប​ «បន្ទាត់​ឈរ» ដែរ​ គឺ​តាម​រយៈ​អ្នក​ដឹក​នាំ​ទាំង​បី​ជំនាន់​ដែលបាន​តំណាង​នៅ​ក្នុ​ងស្ថិតិ​ប្រជា​ជន​កម្ពុជា។ លោក​គ្រូ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បន្ដ​ជួប​ជុំ​គ្នាត​ទៅ​ទៀត និង​បាន​រំឭក​ពួក​គេ​ថា នៅ​ពេល​ដែល​ពួក​គេ​នៅ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​ជា​ម្ចាស់ នោះ​ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​មួយ​ដើម​ដែល​បាន​ចាក់ឫសនៅ​​ក្បែរ​ទឹក មាន​ផល​ផ្លែ និង​ស្រស់​បំព្រងជា​និច្ច ហើយ​អ្វី​ៗ​ដែល​​ពួក​គេ​ធ្វើ​នឹងបាន​ចម្រុង​ចម្រើន​ឡើង។

បន្ទាប់​មក លោក​ស្រី ផាម លីញ (Mrs. Pham Linh) ​​ជាវាគ្មិន​សំខាន់​មួយ​រូប​ដែល​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​មក​ពី​ប្រទេស​វៀត​ណាម បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​យក​ព្រះ​ជា​ម្ចាស់​ធ្វើ​ជា​នាយក​ប្រតិបត្តិ​របស់​ពួក​គេ និង​ស្ដាប់​ព្រះ​សូរ​សៀង​របស់​ព្រះ​ជា​ម្ចាស់​ចំពោះ​ទិស​ដៅ​ពាណិជ្ជ​កម្ម​របស់​ពួក​គេ។ លោក​ស្រី​គឺ​ជា​នាយក​គ្រប់​គ្រង និង​ជា​គ្រូ​បណ្ដុះ​បណ្ដាល​បង្គោល​នៅក្នុង​ក្រុម​ហ៊ុន គ្រាប់​ពូជ​វៀត​ណាម (Seed Vietnam) ដែលបាន​​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​អំពី​ភាព​ជា​អ្នក​ដឹក​នាំ ការ​លក់ និង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ដល់​ក្រុម​ហ៊ុន​ជា​ច្រើន។

លោក​ស្រី ថាន់ ករុណា ជាអ្នក​ជំនួញ​ក្នុងតំបន់​មួយ​​រូប​​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុងទីក្រុង​ភ្នំ​ពេញ បាន​ទទួល​ការ​​កោត​សរសើរ​​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​វាគ្មិន​មួយ​រូប ហើយ​លោក​ស្រី​ក៏ជា​កត្តា​ជម្រុញ​ចិត្ត​មួយ​ដល់​ពួក​គេ​ដែរ​ចំពោះ​អាជីព​របស់​លោក​ស្រី ភាព​ជោគ​ជ័យ និង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​លោក​ស្រីក្នុង​នាម​ជា​ស្ដ្រី​ម្នាក់។

លោក អ៊ុង (Ong) ដែល​ជា​នាយក​នៃ​ធនាគារ​ភីលីព​កម្ពុជា បាន​បិទ​អង្គ​សន្និ​បាតនេះ​​ដោយ​ប្រើសារ​ខ្លី​មួយ​ឃ្លា ប៉ុន្តែ​មាន​ន័យ​ខ្លាំង ដោយ​លើកទឹក​ចិត្ត​ពួក​គេ​ឲ្យ​យក​ព្រះ​ជា​ម្ចាស់​ជា​ទី​មួយ​នៅ​ក្នុង​ពាណិជ្ជ​កម្ម​របស់​ពួក​គេ។ គាត់​បាន​ចែក​ចាយ​បទ​ពិសោធន៍​ខ្លះៗ​របស់​គាត់ អំពី​របៀប​ដែល​គាត់​បាន​ជ្រើស​រើស​ដើរ​តាម​ផ្លូវ​សុច​រិតនៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​ពិបាកៗ​ជា​ច្រើន។

ក្នុង​កំឡុង​ពេល​បរិភោគ​អាហារ​ពេល​ល្ងាច ពួក​គេ​មាន​ឱកាស​ជួប​ជា​មួយ​ភ្ញៀវ និង​បណ្ដាញ​​ផ្សេងៗ​ទៀតជា​ច្រើន។ ហើយ​ខណៈ​ពេល​ដែល​កំពុង​រីក​រាយ​ជាមួយនឹង​ការ​បរិភោគ​អាហារ ក៏​មាន​តន្ដ្រីកម្ពុជា និង​ការ​រាំរែក​ ក៏​ដូច​ជា​ទី​បន្ទាល់​ពី​សំណាក់​លោកស្រី សោភា ចម្រើន និង​លោក ប៊ិញ​ លីដែល​អញ្ជើញ​មក​ពី​ប្រទេស​វៀត​ណាម​ដែរ។

ភ្ញៀវ​ទាំង​អស់​បាន​ចាក​ចេញ​ពី​អង្គ​សន្និបាត​ដោយ​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​និមិត្ត​ថ្មី និង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​បន្ដ​ឆ្ពោះ​ទៅ មុខ​ទៀត​នៅឆ្នាំ​ក្រោយ។ មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ដើម្បី​បង្វឹក និង​ណែនាំ​ដល់​អ្នក​ដឹក​នាំ​កម្ពុជា​ថ្មីៗទៀត​ ដែល​មាន​បំណង​ចិត្ត​ចង់​ធ្វើ​ជា​សហគ្រិន ព្រម​ទាំង​ពង្រឹង​ដល់​អ្នក​ដែល​កំពុង​ធ្វើ​ជា​សហគ្រិន​រួច​​ហើយ។ ប.ព.គ.ក សង្ឃឹម​ថា​នឹង​អាច​​រៀប​ចំ​កម្ម​វិធី​នេះ​ជា​ទៀង​ទាត់​នៅ​ពេល​អនាគត ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សហគមន៍​ពាណិជ្ជកម្ម​គ្រីស្ទ​បរិស័ទ​កម្ពុជា។

ប.ព.គ.ក សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ឧបត្ថម្ភ​កម្ម​វិធី ដែលរួម​​មាន៖ ធនាគារ​ភីលីព EHC, Shift 360, សិប្បកម្ម​ផលិត​ស្ករ​ថ្នោត​ សុវណ្ណៈ, River Tackle Co., Ltd., Making It Easy, The light Sport & Décor, គ្លីនិកចគ្រួសារ គ្លីនិច​ព្យាបាល​ធ្មេញ​ភ្នំ​ពេញ KROMA APP និង​ Eden Florist ព្រម​ទាំង​វាគ្មិន​នៅ​ក្នុង​អង្គ​សន្និ​បាតគឺ៖ លោក​គ្រូ​គង្វាល ហេង​ ចេង លោក​ស្រី ផាម លីញ (Pham Linh) វេជ្ជ​បណ្ឌិត ឈូ មានសិរី វេជ្ជបណ្ឌិត ខេង ស៊ីសាណារ៉ា លោក គង់ សុផាត លោក​ស្រី ថាន់ ករុណា លោក ថាមី ភៀ (Tami Pierre) លោក​គ្រូ​គង្វាល យ៉ូស្វេ ងូយិន (Yoshua Nguyen) និង​លោក អ៊ុង ទៀង​ហ៊ូន (Ong Teong Hoon) ព្រម​ទាំង​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ច្រើន​នាក់​ដែល​បាន​ជួយ​ឲ្យ​អង្គ​សន្និ​បាត​នេះ​កើត​ឡើង។


Leave a Reply

Your email address will not be published. Required fields are marked *