

នៅខែកក្កដា ឆ្នាំ២០១៨ បណ្ដាញពាណិជ្ជកម្មគ្រីស្ទបរិស័ទកម្ពុជា បានចុះឈ្មោះជាផ្លូវការ។ ហើយឆ្នាំកន្លងទៅនេះគឺជាឆ្នាំដ៏សំខាន់មួយ ព្រោះបណ្ដាញរបស់ពួកគេបានរីកចម្រើនឡើងទាំងទំហំ និងភាពចាស់ទុំ។ នៅថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ ប.ព.គ.ក បានប្រារព្ធពធីខួបកំណើតលើកទីមួយរបស់ខ្លួនដោយធ្វើកម្មវិធីសន្និបាតមួយ ដែលមានការចូលរួមពីសំណាក់វាគ្មិន និងសមាជិកក្រុមជាច្រើននាក់ ហើយកម្មវិធីនេះបានបញ្ចប់ទៅដោយការបរិភោគអាហារពេលល្ងាចរួមគ្នា។
នេះជាព្រះពរសម្រាប់ ប.ព.គ.ក ដែលមានភ្ញៀវអញ្ជើញមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធីសន្និបាតនេះ ដូចជាភ្ញៀវមកពីខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងបានទទួលការលើកទឹកចិត្តពីសំណាក់គណៈប្រតិភូចំនួន២៦រូប ដែលអញ្ជើញមកពីប្រទេសវៀតណាម ដែលជាប្រទេសជិតខាងទៀតផង ដើម្បីឲ្យពួកគេអាចអភិវឌ្ឍខ្លួនបន្ថែមទៀត ប្រយោជន៍នឹងធ្វើជាទូតរបស់ព្រះគ្រីស្ទនៅកន្លែងដែលពួកគេធ្វើការ។
នៅពេលចាប់ផ្ដើម ពួកគេបានងាកត្រលប់ទៅមើល DNA របស់បណ្ដាញ ដែលបានកសាងឡើងនៅក្នុងនិមិត្ត ៣G របស់លោកគ្រូគង្វាល ហេង ចេង។ និមិត្ត ៣G គឺជាយុទ្ធសាស្ដ្រមួយក្នុងការកសាងសហគមន៍គ្រីស្ទបរិស័ទជាមួយនឹងអ្នកដឹកនាំជំនាន់ថ្មីមួយក្រុម តាមបែប «បន្ទាត់ផ្ដេក» ពោលគឺនៅក្នុងចំណោមក្រុមជំនុំ សហគមន៍អង្គការគ្រីស្ទបរិស័ទ និងសហគមន៍ពាណិជ្ជកម្មគ្រីស្ទបរិស័ទ ប៉ុន្តែក៏កសាងឡើងតាមបែប «បន្ទាត់ឈរ» ដែរ គឺតាមរយៈអ្នកដឹកនាំទាំងបីជំនាន់ដែលបានតំណាងនៅក្នុងស្ថិតិប្រជាជនកម្ពុជា។ លោកគ្រូបានលើកទឹកចិត្តពួកគេឲ្យបន្ដជួបជុំគ្នាតទៅទៀត និងបានរំឭកពួកគេថា នៅពេលដែលពួកគេនៅជិតស្និទ្ធជាមួយព្រះជាម្ចាស់ នោះពួកគេនឹងប្រៀបដូចជាដើមឈើមួយដើមដែលបានចាក់ឫសនៅក្បែរទឹក មានផលផ្លែ និងស្រស់បំព្រងជានិច្ច ហើយអ្វីៗដែលពួកគេធ្វើនឹងបានចម្រុងចម្រើនឡើង។
បន្ទាប់មក លោកស្រី ផាម លីញ (Mrs. Pham Linh) ជាវាគ្មិនសំខាន់មួយរូបដែលបានដឹកនាំគណៈប្រតិភូមកពីប្រទេសវៀតណាម បានលើកទឹកចិត្តពួកគេឲ្យយកព្រះជាម្ចាស់ធ្វើជានាយកប្រតិបត្តិរបស់ពួកគេ និងស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ចំពោះទិសដៅពាណិជ្ជកម្មរបស់ពួកគេ។ លោកស្រីគឺជានាយកគ្រប់គ្រង និងជាគ្រូបណ្ដុះបណ្ដាលបង្គោលនៅក្នុងក្រុមហ៊ុន គ្រាប់ពូជវៀតណាម (Seed Vietnam) ដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីអំពីភាពជាអ្នកដឹកនាំ ការលក់ និងការប្រាស្រ័យទាក់ទងដល់ក្រុមហ៊ុនជាច្រើន។
លោកស្រី ថាន់ ករុណា ជាអ្នកជំនួញក្នុងតំបន់មួយរូបដែលកំពុងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បានទទួលការកោតសរសើរយ៉ាងខ្លាំងក្នុងនាមជាវាគ្មិនមួយរូប ហើយលោកស្រីក៏ជាកត្តាជម្រុញចិត្តមួយដល់ពួកគេដែរចំពោះអាជីពរបស់លោកស្រី ភាពជោគជ័យ និងភាពជាអ្នកដឹកនាំរបស់លោកស្រីក្នុងនាមជាស្ដ្រីម្នាក់។
លោក អ៊ុង (Ong) ដែលជានាយកនៃធនាគារភីលីពកម្ពុជា បានបិទអង្គសន្និបាតនេះដោយប្រើសារខ្លីមួយឃ្លា ប៉ុន្តែមានន័យខ្លាំង ដោយលើកទឹកចិត្តពួកគេឲ្យយកព្រះជាម្ចាស់ជាទីមួយនៅក្នុងពាណិជ្ជកម្មរបស់ពួកគេ។ គាត់បានចែកចាយបទពិសោធន៍ខ្លះៗរបស់គាត់ អំពីរបៀបដែលគាត់បានជ្រើសរើសដើរតាមផ្លូវសុចរិតនៅក្នុងការសម្រេចចិត្តដ៏ពិបាកៗជាច្រើន។


ក្នុងកំឡុងពេលបរិភោគអាហារពេលល្ងាច ពួកគេមានឱកាសជួបជាមួយភ្ញៀវ និងបណ្ដាញផ្សេងៗទៀតជាច្រើន។ ហើយខណៈពេលដែលកំពុងរីករាយជាមួយនឹងការបរិភោគអាហារ ក៏មានតន្ដ្រីកម្ពុជា និងការរាំរែក ក៏ដូចជាទីបន្ទាល់ពីសំណាក់លោកស្រី សោភា ចម្រើន និងលោក ប៊ិញ លីដែលអញ្ជើញមកពីប្រទេសវៀតណាមដែរ។
ភ្ញៀវទាំងអស់បានចាកចេញពីអង្គសន្និបាតដោយពាំនាំទៅជាមួយនូវនិមិត្តថ្មី និងការលើកទឹកចិត្តឲ្យបន្ដឆ្ពោះទៅ មុខទៀតនៅឆ្នាំក្រោយ។ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីបង្វឹក និងណែនាំដល់អ្នកដឹកនាំកម្ពុជាថ្មីៗទៀត ដែលមានបំណងចិត្តចង់ធ្វើជាសហគ្រិន ព្រមទាំងពង្រឹងដល់អ្នកដែលកំពុងធ្វើជាសហគ្រិនរួចហើយ។ ប.ព.គ.ក សង្ឃឹមថានឹងអាចរៀបចំកម្មវិធីនេះជាទៀងទាត់នៅពេលអនាគត ដើម្បីលើកទឹកចិត្តដល់សហគមន៍ពាណិជ្ជកម្មគ្រីស្ទបរិស័ទកម្ពុជា។
ប.ព.គ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម្ភកម្មវិធី ដែលរួមមាន៖ ធនាគារភីលីព EHC, Shift 360, សិប្បកម្មផលិតស្ករថ្នោត សុវណ្ណៈ, River Tackle Co., Ltd., Making It Easy, The light Sport & Décor, គ្លីនិកចគ្រួសារ គ្លីនិចព្យាបាលធ្មេញភ្នំពេញ KROMA APP និង Eden Florist ព្រមទាំងវាគ្មិននៅក្នុងអង្គសន្និបាតគឺ៖ លោកគ្រូគង្វាល ហេង ចេង លោកស្រី ផាម លីញ (Pham Linh) វេជ្ជបណ្ឌិត ឈូ មានសិរី វេជ្ជបណ្ឌិត ខេង ស៊ីសាណារ៉ា លោក គង់ សុផាត លោកស្រី ថាន់ ករុណា លោក ថាមី ភៀ (Tami Pierre) លោកគ្រូគង្វាល យ៉ូស្វេ ងូយិន (Yoshua Nguyen) និងលោក អ៊ុង ទៀងហ៊ូន (Ong Teong Hoon) ព្រមទាំងអ្នកស្ម័គ្រចិត្តជាច្រើននាក់ដែលបានជួយឲ្យអង្គសន្និបាតនេះកើតឡើង។

